ជារៀងរាល់ឆ្នាំឱ្យតែដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រជាជនកម្ពុជាមួយចំនួន នៅតែជជែកគ្នាថា ហេតុអីបានជាទេវតាឆ្នាំថ្មីជាបុត្រីទាំង ៧អង្គរបស់កបិលមហាព្រហ្ម មិនគង់សត្វពាហនៈ តាមឆ្នាំទាំង ១២ បែរជាគង់លើសត្វពាហានៈផ្សេងទៅវិញ។ ដូចជាក់ស្ដែងចូលឆ្នាំថ្មីនេះ គឺត្រូវដល់ឆ្នាំរោង តែហេតុអីបានជាបុត្រទី ៧នៃកបិលមហាព្រហ្ម បែរជាគង់លើសត្វក្ងោកជាពាហនៈទៅវិញ?
តាមពិតចម្ងល់នេះក៏មានចាស់ព្រឹទ្ធាចារ្យ និងតាមឯកសារផ្សេងៗបកស្រាយជាច្រើនមកហើយ តែ AMS ចង់មកស្រាយចម្ងល់ឱ្យកាន់តែច្បាស់ កុំឱ្យបងប្អូនខ្មែរមួយចំនួន នៅតែមានការយល់ច្រឡំ រវាងសត្វពង្សធាតុទាំង ១២ និងសត្វដែលជាយានជំនិះរបស់បុត្រីកបិលមហាព្រហ្មទាំង ៧អង្គ។
និយាយឱ្យងាយយល់ សត្វទាំង ១២ ដែលបងប្អូនតែងស្គាល់តាមពង្សធាតុ ដូចជាឆ្នាំ ជូត ឆ្នាំឆ្លូវ ឆ្នាំខាល ឆ្នាំថោះ នោះ គឺជាសត្វតំណាងឱ្យពង្សធាតុមនុស្ស។ ដូចជាអ្នកកើតឆ្នាំជូត មានសត្វទន្សាយជាតំណាង។ ឯសត្វជាពាហនៈ របស់បុត្រីកបិលមហាព្រហ្ម គឺជាយានជំនិះរបស់បុត្រីនីមួយៗ ទាំង ៧អង្គ។ បុត្រីកបិលមហាព្រហ្ម មានតែ ៧ អង្គ បើសិនជាមានយានជំនិះតាមពង្សធាតុឆ្នាំ ដែលមានសត្វទាំង ១២ ជាតំណាង តើធ្វើដូចម្ដេចនឹងជិះអស់នោះ បើទេពធីតាមានតែ ៧ អង្គ។ ដូច្នេះមានន័យថា បុត្រីទាំង ៧អង្គនៃកបិលមហាព្រហ្មមានយានជំនិះរៀងៗខ្លួន មិនមែនសត្វទាំង ១២នោះទេ ។
សូមបងប្អូនខ្មែរមកដឹងអំពីយានជំនិះ ជាពាហនៈរបស់បុត្រីកបិលមហាព្រហ្មដូចខាងក្រោម៖
១.បើសង្ក្រាន្តចូលចំថ្ងៃអាទិត្យគឺ ត្រូវវេនបុត្រីទី ១ ព្រះនាម ទុង្សាទេវី ទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹម សោយផ្លែឧទុម្ពរ (ផ្លែល្វា) ជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ និងគង់លើពាហនៈ ស្តេចគ្រុឌ។
២.បើសង្ក្រាន្តចូលចំថ្ងៃច័ន្ទគឺ ត្រូវវេនបុត្រីទី ២ ព្រះនាម គោរាគទេវី ទ្រង់អម្ពរពណ៌លឿង សៀតផ្កាអង្គារបុស្ស សោយប្រេងជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងឈើច្រត់ និងគង់លើពាហនៈ សត្វខ្លា។
៣.បើសង្ក្រាន្តចូលចំថ្ងៃអង្គារគឺ ត្រូវវេនបុត្រីទី ៣ ព្រះនាម រាក្យសាទេវី ទ្រង់អម្ពរពណ៌ខ្មៅ សៀតផ្កាឈូក សោយលោហិតជាភក្សាហារ អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ និងគង់លើពាហនៈ សត្វសេះ។
៤.បើសង្ក្រាន្តចូលចំថ្ងៃពុធគឺ ត្រូវវេនបុត្រីទី ៤ ព្រះនាម មណ្ឌាទេវី ទ្រង់អម្ពរពណ៌អន សៀតផ្កាចម្ប៉ា សោយទឹកដោះសិប្បីជាភក្សាហារ អាវុធស្តាំម្ជុល ឆ្វេងឈើច្រត់ និងគង់លើពាហនៈ សត្វលា។
៥.បើសង្ក្រាន្តចូលចំថ្ងៃព្រហស្បតិ៍គឺ ត្រូវវេនបុត្រីទី ៥ ព្រះនាម កិរិណីទេវី ទ្រង់អម្ពរពណ៌បៃតង សៀតផ្កាមណ្ឌា សោយសណ្ដែក ល្ង ជាភក្សាហារ អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង និងគង់លើពាហនៈ សត្វដំរី។
៦.បើសង្ក្រាន្តចូលចំថ្ងៃសុក្រគឺ ត្រូវវេនបុត្រីទី ៦ ព្រះនាម កិមិរាទេវី ទ្រង់អម្ពរពណ៌ស សៀតផ្កា ចង្កុលណី សោយចេកណាំវ៉ាជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងពិណ និងគង់លើពាហនៈ សត្វក្របី។
៧.បើសង្ក្រាន្តចូលចំថ្ងៃសៅរ៍គឺ ត្រូវវេនបុត្រីទី៧ ព្រះនាម មហោទរាទេវី ទ្រង់អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត សោយសាច់ទ្រាយជាភក្សាហារ អាវុធស្តាំកងចក្រ ឆ្វេងត្រីសូល៍ គង់លើពាហនៈ សត្វក្ងោក៕