ការថត Pre-Wedding នៅតំបន់ប្រាសាទអង្គរ កាលពីមុនមិនមែនជារឿងងាយស្រួលឡើយ ដោយតម្រូវឱ្យដាក់ពាក្យស្នើសុំជាមុន និងមានលក្ខខណ្ឌជាច្រើនចំណុច ទម្រាំអាចទៅថតបាន។ យ៉ាងណាមិញបច្ចុប្បន្ននេះ មានការកែសម្រួលលើចំណុចនេះហើយ សម្រាប់អ្នកដែលចង់ទៅថតរូបក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាអនុស្សាវរីយ៍សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ គឺមិនចាំបាច់ដាក់ពាក្យស្នើសុំ និងពុំមានការបង់ប្រាក់នោះទេ។ នេះបើយោងតាមលិខិតកែសម្រួលមួយរបស់អាជ្ញាធរជាតិអប្សរា។
យោងតាមលិខិតនោះដដែលក៏បានឱ្យដឹងទៀតថា ការថតរូបភាពសម្រាប់ជាអនុស្សាវរីយ៍អាពាហ៍ពិពាហ៍នេះដែរ គឺមិនអនុញ្ញាតឱ្យប្រើឧបករណ៍ដ្រូននោះទេ។ ក្នុងនោះអាជ្ញាធរលើកទឹកចិត្តឱ្យប្រើប្រាស់នូវឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ពិសេសជ្រើសរើសសម្អាងការណាដែលទទួលស្គាល់ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
បន្ថែមលើពីនេះទៀតចំពោះការថតរូបភាព ឬវីដេអូទូទៅ បង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមនានា ក៏មិនតម្រូវឱ្យដាក់ពាក្យស្នើសុំដែរ ប៉ុន្តែអាជ្ញាធរបានបញ្ជាក់ថា សម្រាប់ការថតដោយប្រើទូរស័ព្ទដៃ៕
សូមមើលសេចក្ដីកែប្រែរបស់អាជ្ញាធរជាតិអប្សរាដូចខាងក្រោម៖