នៅថ្ងៃទី ២១ ខែសីហានេះ ក្រុមហ៊ុនផលិតភាពយន្ត HighZium Studio បានប្រកាសថា តារាសម្ដែអប្រុស Song Joong Ki និងតារាស្រី Chun Woo Hee នឹងសម្តែងជាតួឯកក្នុងរឿងភាគថ្មីមានចំណងជើងថា “MY YOUTH”។
“MY YOUTH” គឺជារឿងភាគបែបមនោសញ្ចេតនារៀបរាប់ពីដំណើរជីវិតតួអង្គប្រុសឈ្មោះ Sunwoo Hae និងតួស្រីឈ្មោះ Sung Je Yeon ដែលបានជួបគ្នាឡើងវិញរយៈពេល ១០ ឆ្នាំបន្ទាប់ពីធ្លាប់ជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏ខ្មៅងងឹតបំផុតនៃជីវិតរបស់ពួកគេ ហើយក៏ចាប់ផ្តើមបង្កើតពេលវេលាស្រស់ស្អាតថ្មីជាមួយគ្នាម្ដងទៀត។
គ្រាន់តែការប្រកាសពីសមាសភាពតួឯកទាំងពីរនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តរួចទៅហើយ ខណៈរឿងនេះនឹងជាការវិលត្រលប់មកសម្ដែងរឿងភាគដំបូងរបស់ Song Joong Ki បន្ទាប់ពីរឿង “Reborn Rich” ។ ក្នុងរឿងនេះ Song Joong Ki នឹងដើរតួជា Sun Woo Hae ជាអតីតតារាសម្តែងកុមារ ដែលធ្លាប់មានឈ្មោះបោះសំឡេង ប៉ុន្តែក៏លែងមានអ្នកចាប់អារម្មណ៍វិញ ដោយសារតែភាពលោភលន់របស់មនុស្សពេញវ័យ។ ឥឡូវនេះគេបានរស់នៅក្នុងជីវិតស្ងប់ស្ងាត់ក្នុងនាមជាអ្នកនិពន្ធប្រលោមលោក និងជាអ្នកលក់ផ្កា។ ពិភពលោករបស់គេត្រូវបានរង្គោះរង្គើនៅពេលដែលតួឯកស្រី Sung Jae Yeon ដែលសម្ដែងដោយ Chun Woo Hee បង្ហាញខ្លួនសាជាថ្មី និងរំឭកគេអំពីជីវិតដែលគេធ្លាប់បោះបង់។
“My YOUTH” គឺជាស្នាដៃនិពន្ធដោយអ្នកនិពន្ធ Park Si Hyun ដែលត្រូវបានស្គាល់សម្រាប់ការនិពន្ធរឿងភាគល្បីរបស់ប៉ុស្តិ៍ JTBC មានចំណងជើងថា “Run On” ហើយនឹងផលិតដោយក្រុមហ៊ុន HighZium Studio និងដឹកនាំដោយលោក Lee Sang Yeop ដែលធ្លាប់បានដឹកនាំរឿង “Yumi’s Cells” រឿង “Familiar Wife” និង “Shopaholic Louis” ។ រឿងភាគថ្មីនេះគ្រោងនឹងចាក់បញ្ចាំងនៅឆ្នាំ ២០២៥ ៕