Rosé សមាជិកក្រុមនារីខេប៉ុប BLACKPINK បានបំបែកកំណត់ត្រាចាស់របស់ខ្លួនជាមួយអាល់ប៊ុមទោលថ្មីដែលអាចលក់បានដល់ជាង ៣ សែនបន្ទះក្នុងថ្ងៃដំបូង។
បន្ទាប់ពីបានចុះកុងត្រាជាសិល្បករទោលជាមួយផលិតកម្មអាមេរិក Atlantic Records កាលពីខែកញ្ញាកន្លងទៅ សមាជិកក្រុម BLACKPINK Rosé ក៏បានបញ្ចេញអាល់ប៊ុមទោលដំបូងមានចំណងជើងថា “Rosie” កាលពីថ្ងៃទី៦ ខែធ្នូ។
ផ្អែកតាមទិន្នន័យពីគេហទំព័រ Hanteo Chart ក្នុងរយៈពេល ២៤ ម៉ោងដំបូង អាល់ប៊ុមនេះអាចលក់ដាច់អស់ ៣១៦០០០ បន្ទះ ដែលតួលេខនេះគឺបានបំបែកកំណត់ត្រាពីអាល់ប៊ុមទោលដំបូងរបស់នាងដែលអាចលក់បាន ២៨០០០០ បន្ទះក្នុងថ្ងៃដំបូងបានសម្រេច។ សមិទ្ធផលនេះក៏បានធ្វើឱ្យ Rosé ក្លាយជាតារាចម្រៀងស្រីខេប៉ុបដែលលក់អាល់ប៊ុមដាច់បំផុតក្នុងថ្ងៃដំបូងលំដាប់ទី៤ បន្ទាប់ពី Jisoo, Jihyo និង Lisa ផងដែរ។
មិនតែប៉ុណ្ណោះ នៅលើវេទិកា Stream ចម្រៀង Spotify បទចម្រៀងពីអាល់ប៊ុមថ្មីនេះបានទទួលការចូលស្ដាប់សរុបរហូតដល់ ២៨ លានដងក្នុងថ្ងៃដំបូង។ ផ្អែកតាម Spotify នេះគឺជាតួលេខខ្ពស់បំផុតសម្រាប់អាល់ប៊ុមខេប៉ុបទាំងអស់ដែលបានចេញក្នុងឆ្នាំ២០២៤។
អាល់ប៊ុម “Rosie” មានបទចម្រៀងសរុប ១២ បទដោយបទភាគច្រើនមានប្រធានបទពាក់ព័ន្ធបញ្ហាទំនាក់ទំនងស្នេហា ការបាត់បង់ និងការរកឃើញខ្លួនឯង។ បទចម្រៀងនាំមុខក្នុងអាល់ប៊ុមដែលបានចេញវីដេអូចម្រៀងរួចមានដូចជាបទ “APT” បទ “Number One Girl” និងបទ “Toxic Till The End”។ ក្នុងនោះបទ “APT” ដែល Rosé បានសហការជាមួយតារាចម្រៀងអាមេរិក Bruno Mars បានទទួលការគាំទ្រខ្លាំង ដោយក្លាយជាបទចម្រៀងពីតារាខេប៉ុបស្រីដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតលើតារាង Billboard Hot 100 របស់អាមេរិកគឺលេខ ៨ និងបានជាប់លេខ២ លើតារាងចម្រៀងផ្លូវការអង់គ្លេស។
គួរបញ្ជាក់ថាក្រៅពីភាពលេចធ្លោក្នុងផ្នែកចម្រៀង សមាជិកវ័យ ២៧ឆ្នាំរបស់ក្រុម BLACKPINK រូបនេះក៏ត្រូវបានគេស្គាល់ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Fashion លំដាប់ពិភពលោកជាច្រើនដូចជា YSL, Puma និង Tiffany & Co ផងដែរ ៕