កម្មវិធីពានរង្វាន់ដ៏ល្បីរបស់អាមេរិក MTV Video Music Awards ឬ VMAs បានប្រកាសបញ្ជីឈ្មោះសិល្បករដែលបានជាប់ជាបេក្ខភាពប្រកួតប្រជែងពានរង្វាន់របស់ខ្លួនក្នុងឆ្នាំនេះកាលពីថ្ងៃទី៦ ខែសីហា ដោយតារាចម្រៀង Taylor Swift មានឈ្មោះប្រកួតប្រជែងពានរង្វាន់ច្រើនជាងគេ រហូតដល់ ១០ ពានរង្វាន់ រួមទាំងពានរង្វាន់ធំ “វីដេអូចម្រៀងប្រចាំឆ្នាំ” សម្រាប់បទ “Fortnight”។
ក្រៅពីវត្តមានតារាចម្រៀងល្បីៗអាមេរិក អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងបញ្ជីបេក្ខភាពឆ្នាំនេះគឺក៏មានឈ្មោះតារាខេប៉ុបជាច្រើនរូបដែរ។ ជាក់ស្ដែង Lisa សមាជិកក្រុម BLACKPINK មានឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួន ៤ ផ្នែកសម្រាប់វីដេអូចម្រៀងទោលថ្មីរបស់នាងគឺបទ “ROCKSTAR” ដោយក្នុងនោះរួមមានពានរង្វាន់ក្បាច់រាំល្អបំផុត ពានរង្វាន់ទិសដៅសិល្បៈល្អបំផុត ពានរង្វាន់ផ្នែកកាត់តល្អបំផុត និងពានរង្វាន់ Best K-pop។
ចំណែក Jungkook សមាជិកក្រុម BTS មានឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួន ២ គឺពានរង្វាន់ការសហការល្អបំផុត និងពានរង្វាន់ Best K-pop ជាមួយបទចម្រៀងទោលដំបូងរបស់លោកមានចំណងជើងថា “Seven” ។ ក្រៅពី Lisa និង Jungkook សិល្បករដែលមានឈ្មោះប្រកួតប្រជែងក្នុងផ្នែក Best K-pop រួមមានក្រុមបុរស NCT Dream ក្រុមនារី NewJeans ក្រុមបុរស Stray Kids និងក្រុមបុរស Tomorrow X Together។
លើសពីនេះ ក្រុមនារី LE SSERAFIM ក៏បានជាប់ឈ្មោះប្រកួតប្រជែងមួយដែរ គឺពានរង្វាន់ការសម្ដែងទាក់ទាញប្រចាំឆ្នាំ សម្រាប់បទ “EASY”។
គួរបញ្ជាក់ថា កម្មវិធី MTV Video Music Awards ត្រូវបានចាត់ទុកថាជាកម្មវិធីពានរង្វាន់ផ្នែកតន្ត្រីដ៏ពេញនិយមមួយក្នុងចំណោមកម្មវិធីពានរង្វាន់តន្ត្រីធំៗទាំង ៤នៅសហរដ្ឋអាមេរិក ទន្ទឹមគ្នានឹងកម្មវិធី Grammy Awards កម្មវិធី American Music Awards និង Billboard Music Awards។ សម្រាប់ការប្រកាសជយលាភី និងប្រគល់ពានរង្វាន់ MTV VMAs ឆ្នាំ ២០២៤ នេះនឹងត្រូវធ្វើឡើងនៅទីក្រុងញូវយ៉កនៅថ្ងៃទី ១០ ខែកញ្ញា ៕