ក្រុមហ៊ុន Pledis Entertainment ដែលជាទ្រនំក្រុមចម្រៀងបុរស Seventeen បានឱ្យដឹងកាលពីថ្ងៃទី៥ ខែសីហាថា ក្រុមចម្រៀងមួយនេះនឹងចេញផ្សាយមីនីអាល់ប៊ុមទី ១២ របស់ពួកគេ នៅក្នុងខែតុលាខាងមុខ។
ការបញ្ចេញអាល់ប៊ុមថ្មីនេះនឹងជាការវិលត្រលប់មកឆាកតន្ត្រីលើកដំបូងរបស់ក្រុមចម្រៀងមានសមាជិក ១៣ នាក់មួយនេះក្នុងរយៈពេលប្រាំមួយខែ ចាប់តាំងពីអាល់ប៊ុម “17 Is Right Here” បានចេញផ្សាយកាលពីខែមេសា។
ស្របពេលនឹងការចេញអាល់ប៊ុមចម្រៀងថ្មី Seventeen ក៏នឹងចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឈ្មោះ “Right Here” នៅក្នុងខែតុលាដូចគ្នា ដោយគ្រោងនឹងសម្តែងនៅទូទាំងប្រទេសកូរ៉េខាងត្បូង នៅប្រទេសផ្សេងៗក្នុងទ្វីបអាស៊ី និងសហរដ្ឋអាមេរិក ហើយក៏គ្រោងចេញបទចម្រៀងថ្មីជាភាសាជប៉ុនផងដែរ នៅពេលធ្វើដំណើរប្រគំតន្ត្រីដល់ប្រទេសជប៉ុន។ គួរបញ្ជាក់ថា “Right Here” នឹងជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោកលើកដំបូងរបស់ក្រុមពួកគេ ចាប់តាំងពីការប្រគំតន្ត្រី “Be the Sun” បានរៀបចំកាលពីឆ្នាំ២០២២។
ក្នុងសេចក្ដីថ្លែងការណ៍នេះដែរ Pledis Entertainment ក៏បានស្នើឱ្យអ្នកគាំទ្ររង់ចាំស្ដាប់ស្នាដៃតន្ត្រីថ្មីរបស់ Seventeen ដែលនឹងមកដល់ក្នុងពេលអនាគត ខណៈសមាជិកក្រុមម្នាក់ៗបានតាំងចិត្តធ្វើការយ៉ាងអស់ពីកាយពីចិត្តដើម្បីឱ្យបទចម្រៀងចេញមកមានគុណភាពបំផុតសម្រាប់អ្នកគាំទ្រដូចគ្នា។
មុនការវិលត្រលប់ជាមួយអាល់ប៊ុមថ្មីនេះ Seventeen នឹងក្លាយជាក្រុមខេប៉ុបតែមួយគត់ដែលនឹងឡើងសម្ដែងក្នុងកម្មវិធីមហោស្រពតន្ត្រី Lollapalooza នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៨ ខែកញ្ញា ៕