ភាពយន្តរន្ធត់ថ្មីរឿង “ព្រះភូមិ” ដែលនឹងចេញបញ្ចាំងនៅតាមបណ្ដារោងភាពយន្តក្នុងរដូវបុណ្យភ្ជុំនេះ ត្រូវបានជ្រើសរើសជាភាពយន្តតំណាងកម្ពុជាចូលរួមមហោស្រពភាពយន្តឯករាជ្យអាស៊ី AAIFF Asia 2024។
ផ្អែកតាមផលិតកម្ម BONG Film and Media បានបង្ហើបឱ្យដឹងកាលពីថ្ងៃអាទិត្យ ភាពយន្តរឿង “ព្រះភូមិ” ត្រូវបានជ្រើសរើសជាផ្លូវការជានៃប្រភេទភាពយន្តសាច់រឿងដ៏លេចធ្លោសម្រាប់មហោស្រព AAIFF Asia 2024 តំណាងប្រទេសកម្ពុជា ព្រមជាមួយភាពយន្តមកពីប្រទេសចិន និងឥណ្ឌា។
សូមបញ្ជាក់ថា “ព្រះភូមិ” គឺជាភាពយន្តបែបរន្ធត់រៀបរាប់អំពីតួឯកស្រីឈ្មោះស្រីមុំ ដែលមានញាណពិសេសអាចមើលឃើញវិញ្ញាណខ្មោចនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងតែងតែធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាចជានិច្ច។ ទោះយ៉ាងណា ភាពភ័យខ្លាចនេះបានកើតឡើងកាន់តែខ្លាំង បន្ទាប់ពីនាងអាចមើលឃើញវិញ្ញាណមិត្តភ័ក្ដិជិតស្និទ្ធរបស់នាងដែលបានស្លាប់យ៉ាងអាថ៌កំបាំង ដោយមិនច្បាស់ថាជាករណីអត្តឃាត ឬករណីធ្វើឃាតកម្មឱ្យប្រាកដនោះឡើយ។
មិនត្រឹមតែសាច់រឿងគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែភាពយន្តខ្មែរមួយរឿងនេះក៏មានការចូលរួមសម្ដែងពីតារាល្បីៗដូចជា តារាកូនខ្មែរកាត់បារាំង កញ្ញា Khemma Metayer Top 5 Miss Universe Cambodia 2024 ជាតួឯកស្រី, ម្ចាស់ជយលាភី Mister Freshy 2022 លោក ស៊ូរ៉ា ដារ៉ា ជាតួឯកប្រុស និងតារាសម្ដែងពោរពេញដោយទេពកោសល្យផ្សេងៗទៀតរួមមានអ្នកនាង ថន ថាណែត បេក្ខភាព The Voice Cambodia លោក សេង ផានិត និងកញ្ញា គីម ស៊ីវឡាម។
អ្នកដឹកនាំរឿងផ្ទាល់គឺលោក សេង ធី ជា ដែលទស្សនិកជនធ្លាប់បានស្គាល់តាមរយៈស្នាដៃដឹកនាំរឿង “បងលុច្សឃើញខ្មោច” នាពេលកន្លងមកបានលើកឡើងថា រឿងមួយនេះនឹងផ្ដល់ជូននូវទស្សនីយភាពថ្មីប្លែក មិនធ្វើឱ្យអ្នកទស្សនាស្ដាយ ថវិកាដែលចំណាយនៅក្នុងការទស្សនានោះឡើយ។
ចង់ដឹងថាពិតដូចអ្នកដឹកនាំរឿងប្រាប់ដែរ ឬអត់ ប្រិយមិត្តអាចចូលរួមទស្សនាដោយផ្ទាល់ទាំងអស់គ្នា ដោយភាពយន្ត “ព្រះភូមិ” នឹងមានបញ្ចាំងនៅតាមបណ្ដារោងកុននៅទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃ១ ខែតុលា ឆ្នាំ២០២៤៕