តារាសម្ដែង Joaquin Phoenix និងតារាចម្រៀង Lady Gaga បានចូលរួមពិធីសម្ពោធបញ្ចាំងភាពយន្ត “Joker” វគ្គថ្មីមានចំណងជើងថា “Joker: Folie a Deux” នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃទី៤ ខែកញ្ញា។
ដូចការរំពឹងទុក ក្រោយចប់ការបញ្ចាំងទស្សនិកជនក្នុងសាលមហោស្រពដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យភាពយន្តជុំវិញពិភពលោកបានក្រោកឈរទះដៃជាប់រយៈពេល ១១ នាទីជាការកោតសរសើរនិងអបអរសាទរដល់ភាពយន្តដ៏ធំប្រចាំឆ្នាំមួយនេះ។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Variety។
មុនការចាក់បញ្ចាំងភាពយន្ត Lady Gaga បានបង្ហាញខ្លួនក្នុងរ៉ូបពណ៌ខ្មៅដ៏សិចស៊ីនិងទាក់ទាញ រួមដំណើរដោយតួអង្គ “Joker” គឺតារាសម្ដែង Joaquin Phoenix និងអ្នកដឹកនាំរឿងលោក Todd Philips ខណៈបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រភាពយន្តរួមទាំងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
បន្តសាច់រឿងពីភាពយន្ត “Joker” ដែលទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំ២០១៩ ភាពយន្ត “Joker” វគ្គថ្មីនេះនឹងនិយាយពីព្រឹត្តិការណ៍ដែលកើតឡើងនៅរយៈពេល២ឆ្នាំបន្ទាប់ពីរឿងរ៉ាវក្នុងវគ្គទី១ ដោយផ្ដោតលើទំនាក់ទំនងស្នេហាថ្មីរបស់ឃាតករោគចិត្ត Joker ជាមួយអ្នកជំនាញព្យាបាលជំងឺផ្លូវចិត្តដែលសម្ដែងដោយ Lady Gaga ខណៈដែលរូបគេកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង។
បន្ទាប់ពីការចាក់បញ្ចាំង Premiere នៅមហោស្រព Venice ភាពយន្ត “Joker: Folie a Deux” នឹងចេញបញ្ចាំងនៅតាមរោងភាពយន្តនានាទូទាំងពិភពលោកចាប់ពីដើមខែតុលា។ ភាពយន្តនេះដែរក៏នឹងត្រូវចូលរួមប្រកួតប្រជែងជាមួយភាពយន្តកំពូលៗចំនួន ២១ រឿងទៀតដើម្បីដណ្ដើមពានរង្វាន់តោមាស ជាពានរង្វាន់ធំក្នុងព្រឹត្តិការណ៍មហោស្រពក្រុង Venice ដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី ៧ ខែកញ្ញា ខាងមុខ ៕