Jin សមាជិកក្រុម BTS ចាប់ដៃគ្នាជាមួយនឹង Wendy សមាជិកក្រុម Red Velvet សម្រាប់បទចម្រៀងថ្មីដែលត្រៀមនឹងបញ្ចូលក្នុងអាល់ប៊ុមទោលទី១របស់ខ្លួន។
ដំណឹងនេះបានបញ្ជាក់ជាផ្លូវការតាមរយៈការរាយការណ៍របស់សារព័ត៌មាន SPOTV ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលានេះ។
ក្រោយពីដឹងភ្លាម អ្នកគាំទ្រទាំងពីរក្រុមកំពុងតែទន្ទឹងរង់ចាំស្ដាប់នូវចម្រៀងឆ្លងឆ្លើយរបស់សិល្បករទំាង ២រូបនេះ ដោយរំពឹងថាសំនៀងពេញដោយទឹកដមរបស់តារាប្រុសវ័យ ៣១ឆ្នាំ និងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកទេសសម្លេងដ៏ប៉ិនប្រសប់របស់តារាស្រីវ័យ ៣០ឆ្នាំរូបនេះ នឹងអាចបង្កើតបទចម្រៀងដ៏ល្អឥតខ្ចោះមួយសម្រាប់ពួកគេ។ ជាក់ស្ដែង Jin និង Wendy នឹងបកស្រាយរួមគ្នានៅក្នុងចម្រៀងមួយបទដែលមានចំណងជើងថា Heart on the Window។
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រអាចរង់ចាំស្ដាប់ចម្រៀងពីអាល់ប៊ុម “Happy” របស់តារាចម្រៀងខេប៉ុបរូបនេះបាន នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយមានចម្រៀងសរុបចំនួន ៦បទដែលនឹងចូលខ្លួនមកអង្រួនចិត្តរបស់អ្នកគាំទ្រ ដូចជាបទ Running Wild, I’ll Be There, Another Level, Until I Reach You, Heart on the Window និង In Longing។
សូមរំលឹកផងដែរថា បើទោះបីជានេះ ជាអាល់ប៊ុមទោលទី១ក៏ពិតមែន តែមិនបានន័យថា Jin មិនធ្លាប់មានចម្រៀងទោលរបស់ខ្លួនឯងពីមុនមកទេ។ ជាក់ស្ដែង កាលពីឆ្នាំ២០២២ លោកបានចេញចម្រៀងទោលមួយបទ “The Astronaut” ដែលជាការសហការរួមគ្នាជាមួយនឹងក្រុមតន្ត្រី Coldplay៕