តារាចម្រៀងនិងសម្ដែងកូរ៉េ Im Si Wan នឹងសហការជាមួយផលិតកម្ម SM Entertainment សម្រាប់អាល់ប៊ុមទោលដំបូងរបស់ខ្លួន។


យោងតាមសារព័ត៌មាន JTBC Entertainment កាលពីថ្ងៃទី ១៣ ខែតុលា បានឱ្យដឹងថា បច្ចុប្បន្ន Im Si Wan កំពុងរៀបចំអាល់ប៊ុមទោលរបស់លោកជាមួយផលិតកម្ម SM Entertainment ដែលមានបំណងចេញនៅចុងឆ្នាំនេះ។ ផលិតកម្ម SM Entertainment ក៏នឹងជាអ្នកត្រួតពិនិត្យសកម្មភាពតន្ត្រីទាំងអស់របស់ Im Si Wan ក្នុងពេលខាងមុខផងដែរ។
តំណាង SM Entertainment បាននិយាយថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងមួយកំពុងផលិតអាល់ប៊ុមទោលរបស់ Im Si Wan ហើយបច្ចុប្បន្នយើងកំពុងសម្របសម្រួលកាលវិភាគចេញលក់ និងព័ត៌មានលម្អិតផ្សេងទៀត”។
តាំងពីខែសីហាមក Im Si Wan បានចាប់ផ្ដើមទទួលការងារដោយមិនស្ថិតក្រោមទីភ្នាក់ងារណាមួយឡើយ។ ខណៈពេលរៀបចំអាល់ប៊ុមរបស់លោកដោយឯករាជ្យ លោកបានសម្រេចចិត្តសហការជាមួយ SM Entertainment បន្ទាប់ពីបានឃើញគំរូពីសិល្បកររៀមច្បង Kangta ។ តាមសេចក្តីរាយការណ៍ តារាវ័យ ៣៦ ឆ្នាំរូបនេះក៏បានសម្តែងការជឿជាក់លើជំនាញរបស់ SM ដែលគ្រប់គ្រងក្រុមតារាល្បីៗជាច្រើនមកហើយដូចជា TVXQ, Girls’ Generation, NCT, aespa, និង RIIZE ។


បច្ចុប្បន្ន អាល់ប៊ុមនេះស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការផលិត ហើយក៏ត្រូវបានចាត់ទុកថាជាការចេញអាល់ប៊ុមទោលលើកដំបូងក្នុងអាជីពរបស់តួរឿង “Squid Game” រូបនេះដែរ។ ខណៈដែល Im Si Wan ធ្លាប់បានច្រៀងចម្រៀងក្នុងរឿង និងសហការជាមួយសិល្បករផ្សេងទៀត អាល់ប៊ុមនេះនឹងក្លាយជាអាល់ប៊ុមទីមួយដែលបានចេញក្រោមឈ្មោះរបស់លោកផ្ទាល់។
ក្នុងនាមជាសមាជិកក្រុម ZE:A ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១០ ជាមួយ Park Hyung Sik, Hwang Kwang Hee និង Kim Dong Jun លោកមិនបានសកម្មក្នុងការងារជាក្រុមចាប់តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។
ទោះយ៉ាងណា ក្នុងបទសម្ភាសន៍ថ្មីៗនេះសម្រាប់ខ្សែភាពយន្ត Netflix ‘The Mantis’ តារារូបនេះបាននិយាយថា “ខ្ញុំមិនដែលបោះបង់ចោលអាជីពអ្នកចម្រៀងទេ” ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងរបស់លោកចំពោះតន្ត្រី។
ចំពោះអាជីពជាតារាសម្ដែងវិញ លោកមិនទាន់ចុះហត្ថលេខាជាមួយភ្នាក់ងារថ្មីនៅឡើយទេ ប៉ុន្តែក៏មានសេចក្ដីរាយការណ៍ថាលោកទទួលបានការផ្ដល់ជូនពីក្រុមហ៊ុនគ្រប់គ្រងជាច្រើន ហើយការងារសម្តែងរបស់លោកនឹងបន្តយ៉ាងសកម្ម។ ជាក់ស្ដែងកាលពីដើមខែមិថុនា លោកបានបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ Netflix ‘Squid Game Season 3’ ហើយថ្មីៗនេះ នៅថ្ងៃទី ២៦ ខែសីហា លោកបានសម្តែងក្នុងខ្សែភាពយន្ត ‘The Mantis’ របស់ Netflix ដូចគ្នា ៕

























Account
Security
Favourite Content