រូបភាពជុំគ្រួសាររបស់គូស្នេហ៍កំពូលតារាចម្រៀងអាមេរិក Beyonce និង Jay Z បានទទួលការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីតារាទាំងពីរដួងបានចូលរួមគាំទ្រដល់កូនស្រីរបស់ពួកគេឈ្មោះ Blue Ivy Carter ដែលបានបញ្ចូលសំឡេងកុនខ្នាតធំលើកដំបូងក្នុងភាពយន្តគំនូរជីវចល “Mufasa: The Lion King” ខណៈ Beyonce ក៏បានចូលរួមបញ្ចូលសំឡេងក្នុងឈុតមួយដែរ។
មានវ័យត្រឹម ១២ ឆ្នាំប៉ុន្តែ Blue Ivy ពេលនេះមានកម្ពស់ខ្ពស់ជាងម្ដាយរបស់នាងបាត់ទៅហើយ ខណៈដែលកាលពី ៥ ឆ្នាំមុន នៅពេលបង្ហាញខ្លួនជាមួយម្ដាយក្នុងកម្មវិធីសម្ពោធភាពយន្ត “The Lion King” ក្នុងឆ្នាំ២០១៩ នាងនៅជាក្មេងតូចនៅឡើយ។
ជាស្នាដៃដឹកនាំដោយផលិតករឈ្នះពានរង្វាន់អូស្ការ លោក Barry Jenkins ភាពយន្ត “Mufasa: The Lion King” មានសាច់រឿងនិយាយពីរឿងរ៉ាវកើតឡើងមុន និងក្រោយព្រឹត្តិការណ៍ក្នុងភាពយន្តស្ដេចតោ “The Lion King” កាលពីឆ្នាំ២០១៩។ ចូលរួមក្នុងកម្មវិធីសម្ពោធកាលពីថ្ងៃអង្គារកន្លងទៅនេះ អ្នកដឹកនាំ Barry Jenkins ក៏បានកោតសរសើរចំពោះ Blue Ivy និង Beyonce សម្រាប់ការធ្វើការប្រកបដោយវិជ្ជាជីវៈរបស់ពួកគេ។
ភាពយន្តថ្មីនេះត្រូវបានចេញផ្សាយដើម្បីអបអរខួបគម្រប់ ៣០ ឆ្នាំនៃការចាប់កំណើតសែស្រឡាយភាពយន្តគំនូរជីវចលស្ដេចតោដ៏ល្បីល្បាញរបស់ Disney។ ក្នុងនោះ “The Lion King” វគ្គដំបូងដែលចេញក្នុងឆ្នាំ១៩៩៤ អាចរកចំណូលជុំវិញពិភពលោកបានរហូតដល់ ៧៦៣ លានដុល្លារ និងឈានដល់ការបង្កើតវគ្គទី២ នៅឆ្នាំ១៩៩៨។ មិនតែប៉ុណ្ណោះ ភាពយន្តនេះក៏ត្រូវបានកែសម្រួលជាល្ខោនតន្ត្រី និងបានចេញសម្ដែងទូទាំងពិភពលោកចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៩ ដោយអាចរកចំណូលសរុប ១៩០០លានដុល្លារ ។
នៅឆ្នាំ២០១៩ ក្រុមហ៊ុន Disney ក៏បានបញ្ចេញភាពយន្ត “The Lion King” ជា Version Live Action ហើយក៏ទទួលបានជោគជ័យខ្លាំងថែមទៀតជាមួយចំណូលសរុប ១៦០០ លានដុល្លារជុំវិញពិភពលោក ៕