ភាពយន្តថ្មីរបស់របស់កំពូលតារាសម្ដែង Angelina Jolie បានទទួលការសាទរខ្លាំងពេលសម្ពោធបញ្ចាំងនៅមហោស្រពភាពយន្តទីក្រុង Venice ដែលធ្វើឱ្យតារារូបនេះភើបចិត្តដល់ស្រក់ទឹកភ្នែក ។
កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា តារាសម្ដែងលំដាប់ A របស់ហូលីវូដរូបនេះបានបង្ហាញសម្រស់ដ៏ស្រស់ចែងចាំងក្នុងវ័យ ៤៩ ឆ្នាំ ខណៈចូលរួមពិធីសម្ពោធបញ្ចាំងភាពយន្តថ្មីបំផុតរបស់ខ្លួនមានចំណងជើងថា “MARIA” ក្នុងព្រឹត្តិការណ៍មហោស្រភាពយន្តក្រុង Venice ប្រទេសអ៊ីតាលី ។
បន្ទាប់ពីការចាក់បញ្ចាំងលើកដំបូង ភាពយន្តថ្មីនេះបានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាក្នុងសាលបញ្ចាំង ដោយមានការឈរទះដៃអបអរជាប់គ្នារហូតដល់ ៨ នាទី ធ្វើឱ្យតារាសម្ដែង Angelina Jolie ទប់ទឹកភ្នែកមិនជាប់ដោយសារក្ដីរំភើប។
ជាស្នាដៃដឹកនាំដោយអ្នកដឹកនាំរឿងសញ្ជាតិឈីលីលោក Pablo Larraín ខ្សែភាពយន្ត “MARIA” មានសាច់រឿងរៀបរាប់ពីខ្សែជីវិត Maria Callas ដែលជាតារាចម្រៀងអូប៉េរ៉ាដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងសតវត្សរ៍ទី២០ និងជីវិតចុងក្រោយរបស់អ្នកស្រីក្នុងទីក្រុងប៉ារីស។ Angelina Jolie បានឱ្យដឹងថាដើម្បីថតភាពយន្តនេះ អ្នកស្រីត្រូវចំណាយពេល ៧ ខែដើម្បីត្រៀមខ្លួនទាំងការហ្វឹកហាត់និងការសិក្សារៀនសូត្រអំពីតួអង្គ និងគ្រប់ឥរិយាបថរបស់អ្នកចម្រៀងអូប៉េរ៉ា។
ភាពយន្តនេះថតនៅ៤ប្រទេសដូចជាប្រទេសបារាំង ប្រទេសក្រិក ប្រទេសហុងគ្រី និងប្រទេសអ៊ីតាលី ហើយបន្ទាប់ពីសម្ពោធបញ្ចាំងនៅមហោស្រព Venice ភាពយន្តនេះនឹងត្រូវចាក់ផ្សាយផ្ដាច់មុខនៅលើ Netflix ខណៈកាលបរិច្ឆេទចេញផ្សាយជាក់លាក់នឹងត្រូវប្រកាសនៅពេលក្រោយ ៕