ផ្ដើមចេញពីការបំផុសគំនិតចង់ឱ្យមនុស្សជំនាន់ក្រោយបានស្គាល់ ក្រចៅ និងចង់ជួយដល់សហគមន៍ក្នុងស្រុក និស្សិតខ្មែរ ១ ក្រុមបានប្រើប្រាស់រុក្ខជាតិដែលមិនសូវមានទីផ្សារមួយនេះមកកែច្នៃជាទីតាំងសម្រាប់ការជួបជុំយ៉ាងប្រណីតនៅកណ្ដាលក្រុង។

ប្រសិនជាអ្នកក្រឡេកមួយភ្លែតចូលទៅខាងក្នុងបរិវេណតូចល្មមនៃអង្គការសិល្បៈខ្មែរអមតៈ (CLA) ដែលមានទីតាំងនៅស្ថិតនៅលើផ្លូវតូចមិនឆ្ងាយប៉ុន្មានពីផ្សារទំនើបអ៉ីអន១ អ្នកប្រាកដជាបានប្រទះភ្នែកឃើញរង្វង់ធំតូចដែលត្រូវបានតភ្ជាប់ប្រៀបបីដូចជាដំបូលដែលច្នៃចេញពីក្រចៅយ៉ាងល្អប្រណីត។ ភាពស្រស់ស្អាតដ៏ល្អទាក់ភ្នែកនេះគឺជាគម្រោងដែលនិស្សិត១ក្រុមទើបបានបញ្ចប់ និងបានសម្ពោធកាលពីថ្ងៃទី ២០ កុម្ភៈ ២០២៥។
គម្រោងដ៏ប្រណីតមួយនេះមានឈ្មោះថា «ម្លប់សហគមន៍» ជាគម្រោងដែលកើតចេញពីគំនិតច្នៃប្រតិដ្ឋរបស់និស្សិតឆ្នាំទី៥ មកពីសាលាន័រតុន ហើយក៏ជានិស្សិតជ័យលាភីក្នុងចំណោមនិស្សិតច្រើនក្រុមដែលបានដាក់ពាក្យចូលរួមប្រកួតក្នុងគម្រោងរបស់ CLA អង្គការសិល្បៈខ្មែរអមតៈផងដែរ។
ជាការពិតណាស់ មុនទទួលបានជោគជ័យ និងបញ្ចេញបានសមិទ្ធផលដ៏ប្រណីតមួយនេះនិស្សិតទាំង ៤ រូបបានចំណាយពេលវេលាយ៉ាងច្រើនចាប់តាំងពីការចេញគំនិត មើលទីតាំង ព្រមទាំងការសិក្សាលើផលវិជ្ជមាន អវិជ្ជមានបន្ទាប់ពីគម្រោងមួយនេះចេញរូបរាងជាផ្លូវការ។

យ៉ាងណាមិញ ការខិតខំប្រឹងប្រែងទាំងយប់ថ្ងៃរបស់និស្សិតឆ្នើមទាំង ៤ រូបបានលេចចេញជាសមិទ្ធផលដ៏ល្អអស្ចារ្យព្រោះមិនត្រឹមទទួលបានជយលាភីក្នុងការប្រកួត តែស្នាដៃរបស់អ្នកទាំង ៤ នឹងត្រូវបានក្លាយជាទីតាំងសម្រាប់ការជួបជុំយ៉ាងប្រណីតសម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងជាកន្លែងដែលអាចផ្ដល់នូវការរៀបចំកម្មវិធីតាំងពិព័រណ៍សិល្បៈចម្រុះផ្សេងៗ បានថែមទៀតផង។

ឈរលើគោលគំនិតធំៗនៃការបង្កើត «ម្លប់សហគមន៍» មួយនេះសមាជិកក្រុមជយលាភី ណយ វណ្ណៈ បានប្រាប់មកកាន់សារព័ត៌មាន AMS ថា ដំបូងឡើយនៃការបង្កើតគំនិតនៅក្នុងគម្រោងមួយនេះអ្នកទាំង ៤ ផ្ដោតជាសំខាន់លើការជួបជុំបែបជាសហគមន៍ដែលអាចឱ្យមនុស្សមកពីគ្រប់ទិសទីអាចមកប្រមូលផ្ដុំនៅក្នុងទីតាំងតែមួយ។ ចំណុចទី(២) និស្សិតទាំង ៤ បានប្រើប្រាស់ជាទម្រង់មូលជាចំណុចនៃការឌីហ្យាញដែលសម័យពីអតីតកាលបុព្វបុរសខ្មែររស់នៅជាកុលសម្ព័ន្ធ (ភូមិមូល៖ទីប្រជុំជនឬទីក្រុងដែលមានរាងមូល)។ ចំណុចទី(៣) អ្នកទាំង ៤ បានគិតគូរយ៉ាងល្អិតល្អន់ក្នុងការជ្រើសរើស ក្រចៅ ដែលជាដំណាំក្នុងស្រុក ណាមួយចង់ជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ដែលប្រកបរបរដាំដំណាំនេះផងដែរ។ ការជ្រើសរើសក្រចៅមកធ្វើជាសម្ភារៈចម្បងនៅក្នុងគម្រោង «ម្លប់សហគមន៍» ជាការបង្ហាញក៏ដូចជាក្រើនរំឭកឱ្យកូនខ្មែរបានស្គាល់ ក្រចៅ ខណៈប្រភេទរុក្ខជាតិ១នេះស្ទើរតែបាត់បង់រូបរាង និងមិនសូវបានមនុស្សជំនាន់ក្រោយស្គាល់ច្រើននោះទេ។






បន្ថែមពីលើចំណុចដែលនិស្សិត ណយ វណ្ណៈ បានប្រាប់ឱ្យដឹង តាមរយៈការធ្វើបទបង្ហាញរបស់និស្សិត ៣ រូបទៀតបានបង្ហាញឱ្យដឹងផងដែរ គម្រោង «ម្លប់សហគមន៍» ឬ Connected Canopy មានការសហការគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សច្បង និងបណ្ដាអ្នកស្ម័គ្រចិត្តមកពីទីតាំងផ្សេងៗគ្នា ១៥០ នាក់បានពួតដៃគ្នាបំប្លែងគំនិតមួយនេះឱ្យទៅជាទីតាំងដែលអាចរៀបចំកម្មវិធីសម្រាប់សាធារណជន កម្មវិធីជំរុញការសន្ទនា និងផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងសហគមន៍សិល្បៈ។


គួររំឭកឱ្យដឹងដែរថាដំណាំ ក្រចៅ ដែលគេតែងតែហៅថាសរសៃពណ៌មាស គឺជាប្រភេទរុក្ខជាតិដែលមានសារធាតុសរសៃវែង ហើយត្រូវបានប្រើប្រាស់ជាផលិតផលឧស្សាហកម្មផ្សេងៗ ដូចជាពួកកន្ទាំងបាយស សម្បកប្រើការវេញខ្សែ ខ្សែកន្ទេល បាវក្រចៅ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយទៀត ៕























Account
Security
Favourite Content